កម្ពុជាកំពុងសិក្សារៀបចំកំណត់ទីតាំងតំបន់ធម្មជាតិមានសក្តានុពលដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ថ្ងៃ សៅរ៍, 5 កញ្ញា, 2020(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាកំពុងសិក្សារៀបចំកំណត់ទីតាំងតំបន់ធម្មជាតិមានសក្តានុពលដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះយកព័ត៌មាននៅរមណីយដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាក់ផងដែរ មិនមែនត្រឹមតែព្រែកកាំពី មួយទេដែលជាតំបន់អភិរក្សសត្វផ្សោត និងតំបន់ដែលនៅជុំវិញទន្លេមគង្គ ដែលជាកន្លែងជម្រកសត្វផ្សោត ដែលយើងបានសិក្សាប៉ុន្តែ មាន៤កន្លែងយើងធ្វើការសិក្សា ក៏ដូចជាចងក្រងឯកសារដើម្បីត្រៀមជាបញ្ជីត្រៀមស្នើសុំដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហ្នឹង មានគឺទី១៖ ព្រែកកាំពី, ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ, ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងទី៤៖ តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ»។
លោកក៏បានឱ្យដឹងដែលថារហូតមកដល់ពេលនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន បានធ្វើការងារចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោតជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសនេះដែរលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រែកកាំពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គចំនួន៩២ក្បាល។ ខណៈសព្វថ្ងៃព្រែកកាំពី កំពុងបានក្លាយទៅជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនបំផុត គឺក្នុងរដូវប្រាំង។
លោកបានបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលមានវត្តមានសត្វផ្សោតទឹកសាបរស់នៅចំនួន៩២ក្បាល ខណៈប្រទេសកម្ពុជា ជាមួយប្រទេសដែលមានចំនួនសត្វផ្សោតនេះច្រើនជាងគេផងដែរ។ ដោយឡែកប្រទេសចំនួន២ទៀត ដែលមានវត្តមានសត្វផ្សោតទឹកសាបនេះ គឺប្រទេសឥណ្ឌូនេស៊ី មានចំនួន និងប្រទេសភូមា។
ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលមានផ្ទៃដី សរុបចំនួន ១២,៧៧០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ដែលជាតំបន់ធម្មជាតិមួយរបស់កម្ពុជា មានវត្តមានសត្វក្តានរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ជាពិសេសតំបន់នេះមានវត្តមានប្រភេទសត្វកម្រផ្សេងៗទៀតជាដើម។
ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ ទាំងនោះរួមមាន ថ្មបីដុំជាដើម។
បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍ របស់ភ្ញៀវ ទេសចរណ៍ ជាពិសេស យុវជន ក្នុងការ កំសាន្ត ចុងសប្តាហ៍ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។
ទី៤៖ សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានផ្ទៃដី១,៧៦០ហិកតា។ បច្ចុប្បន្ននេះ សត្វព្រៃសំខាន់ៗ នៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានប្រមាណជាង១០ប្រភេទ ក្នុងនោះមានសត្វត្រយងយក្សដែលតំណាងឱ្យប្រទេសកម្ពុជា និងមានចំនួនជាង៥០០ក្បាល ហើយ ៩៩ភាគរយសត្វនេះមានវត្តមាននៅក្នុងក្នុងប្រទេសកម្ពុជា ក្នុងក្របខណ្ឌទូទាំងពិភពលោក, សត្វក្រៀល, សត្វត្រយងចង្កំកស, សត្វត្មាត ព្រមទាំងប្រភេទសត្វកម្រផ្សេងៗទៀតផងដែរ។
ប្រភពហ្វ្រេសញូវ