កាលពី​ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំកិច្ចប្រជុំក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «ការផ្តល់សុពលភាពលើរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញា​ក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៧៩នាក់ (ស្រី ២២នាក់)។ កិច្ចប្រជុំនេះមានគោលបំណង៖

១) បង្ហាញពីរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា (NDC Update)

២) ស្វែងរកការបញ្ជាក់អះអាង ការផ្ទៀងផ្ទាត់ និងការឯកភាពលើលទ្ធផលនៃការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ និងការស្នើឡើងនូវសកម្មភាពកាត់បន្ថយព្រមទាំងវិធានការបន្ស៊ាំនានា និង

៣​)ផ្តល់សុពលភាពសេចក្តីព្រាងរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។

របាយការណ៍ NDC Update លើកទី២នេះ មិនគ្រាន់តែបង្ហាញអំពីជំហររបស់ប្រទេសកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសកម្មភាព​បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវកម្មវិធីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈកម្មវិធី/គម្រោងដូចជា គម្រោង REDD+ និងថាមពលកកើតឡើងវិញជាដើម។ល។ ឯកឧត្តម បានកោតសរសើរ និងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ដូចជា (UNDP, World Bank, GGGI, UN Women, WHO, FAO, UK Embassy, NDC Partnership ។ល។) ដែលចូលរួមគាំទ្ររៀបចំរបាយការណ៍ដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង និងពិនិត្យផ្តល់យោបល់លើសកម្មភាពអាទិភាពនៃផ្នែកនិងវិស័យនីមួយៗ ដើម្បីឱ្យសម្រេចបានតាមផែនការសម្រាប់ដាក់ជូនទៅលេខាធិការដ្ឋាន UNFCCC នៅខែតុលាឆ្នាំ២០២០ខាងមុខនេះ ពិសេសដើម្បីបង្ហាញការចូលរួមរបស់ប្រទេសកម្ពុជាដើម្បីដោះស្រាយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុសម្រាប់សន្និសីទកំពូល​លើកទី២៦នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) ឆ្នាំ២០២១ នៅប្រទេសអង់គ្លេស។ ខ្ញុំបាទសូមបញ្ជាក់ថាចំណុចមួយដែលមិនទាន់បានឯកភាពគឺការកំណត់ Scenario សម្រាប់ការកាត់បន្ថយការ​បញ្ចេញឧស្ម័នពីវិស័យព្រៃឈើនិងការប្រែប្រួលការប្រើប្រាស់ដី និងរងចាំការសម្រេចពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ