ឯកឧត្តមសាយ សំអាល់ គាំទ្រគម្រោងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនៅក្រុងកែបដើម្បីបង្កើតទីក្រុងបៃតង
ថ្ងៃ អង្គារ, 11 កក្កដា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១០ កក្កដា កន្លងទៅបានទទួលជួបពិភាក្សាជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI) នៅទីស្តីការក្រសួង លើគម្រោងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនៅក្រុងកែប។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ពិតជាចង់បានការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលដៅប្រែក្លាយទីក្រុងកែបឱ្យទៅជាទីក្រុងទេសចរណ៍ធម្មជាតិ ព្រោះថា ទីក្រុងកែបមានសក្តានុពលខ្ពស់ដោយមាន ឆ្នេរស្អាត ជីវចម្រុះធម្មជាតិ មានឧទ្យានធម្មជាតិ និងកោះដ៏ស្រស់ស្អាត ដែលសមស្របបំផុតសម្រាប់បម្រើឱ្យទេសចរណ៍ធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលពិចារណាលើការចែកចាយថាមពលដោយផ្ទាល់ពីគម្រោងទៅកាន់ប្រជាពលរដ្ឋក្នុងក្រុង ឬតំបន់ទេសចរណ៍ ដែលអាចនាំទៅដល់ការកាត់បន្ថយតម្លៃលក់ជូនប្រជាជនឱ្យមានភាពប្រកួតប្រជែង ដែលជាកត្កាសំខាន់សម្រាប់គម្រោងនេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងគ្រោងនឹងបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ១០មេហ្គាវ៉ាត់លើផ្ទៃដីប្រមាណ២០ហិកតាដើម្បីប្រើប្រាស់ក្នុងក្រុងកែប៕
អត្ថបទដោយ៖ ស៊ុន មេសា