ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២៨ ខែសីហានេះ បានជំរុញឱ្យអគ្គនាយកដ្ឋានជំនាញនានានៃក្រសួងបរិស្ថានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងអំពីបរិស្ថាន ក៏ដូជាបង្កើនកិច្ចសហការឱ្យបានច្រើនជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីបរិស្ថានជូនដល់សាធារណជន។

ថ្លែងក្នុងពិធីចុះហត្ថលេខារវាងក្រសួងបរិស្ថាន និង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ បានថ្លែងថា៖ “មន្ត្រីក្រសួងបរិស្ថានចូលចិត្តនៅស្ងប់ស្ងាត់ មិនចង់ផ្សព្វផ្សាយឱ្យបានច្រើន ថ្ងៃនេះ យើងបើកទំព័រថ្មីនៃកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្ររវាងក្រសួងបរិស្ថាន និងប្រព័ន្ធផ្សព្វផ្សាយដោយចាប់ផ្តើមជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា តាមរយៈកម្មវិធី «បរិស្ថានដើម្បីអនាគតយើង» ដោយ គិតគូរពីសារៈសំខាន់នៃការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចគាំពារបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា វិស័យបរិស្ថាន មានវិសាលភាពគ្របដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់ដែលសុទ្ធសឹងតែជាព័ត៌មានដែលអាចផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងរបស់ពលរដ្ឋ និងផ្លាស់ប្តូរការគិតរបស់ពលរដ្ឋលើវិស័យបរិស្ថាន។

សូមជម្រាបថា ពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងក្រសួងបរិស្ថាន និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីបរិស្ថាន តាមរយៈកម្មវិធី «បរិស្ថានដើម្បីអនាគតយើង»
ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីកិច្ចគាំពារបរិស្ថាន ការការពារនិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព អប់រំប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារបរិស្ថាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងលោកជំទាវ ងិន លីណា អគ្គនាយិកានៃអគ្គនាយកដ្ឋានចំណេះដឹង និងអប់រំផ្សព្វផ្សាយព័ត៌មាន និងឯកឧត្តម ស៊ាន វិសុទ្ធ អគ្គនាយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។

តាមរយៈកម្មវិធី «បរិស្ថានដើម្បីអនាគតយើង» ក្រសួងបរិស្ថាន និងស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរានឹងសហការផលិតកម្មវិធី «បរិស្ថានដើម្បីអនាគតយើង” ដោយមានកម្មវិធីជាច្រើនរួមមាន៖
១. ការប្រគំតន្ត្រីបរិស្ថាន
២. ស្ប៉តអប់រំបរិស្ថាន
៣. រឿងកំប្លែងស្តីពីបរិស្ថាន
៤. ការផ្តល់រង្វាន់ជនឆ្នើមស្តីពីបរិស្ថាន
៥. ដំណើរកម្សាន្តស្តីពីបរិស្ថាននៅតាមរាជធានី-ខេត្ត
៦. ដំណើរផ្សងព្រេងស្តីពី អេកូទេសចរណ៍
៧. កិច្ចពិភាក្សា ស្តីពីបរិស្ថាន
៨. បទពិសោធន៍ស្តីពីបរិស្ថាននៃប្រទេសនានា
៩. ចម្រៀងបរិស្ថាន
១០. សកម្មភាពទូទៅជាផ្លូវការរបស់ក្រសួងបរិស្ថាន
១១. ការប្រឡងកញ្ញាឯកបរិស្ថាននិងកិច្ចការចាំបាច់នានាយោងតាមសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី