ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើគម្រោង Kusanone ផ្តល់រថយន្តប្រមូលសំរាមពីប្រទេសជប៉ុនចំនួន១០ គ្រឿង ជូនក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានរម្លឹកនូវសាវតារថា ចាប់តាំងពីឆ្នាំ២០១៣មក គ្រាដែលឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ពេលដែលប្រជាជនកម្ពុជាចាប់ផ្តើមយល់អំពីតម្លៃបរិស្ថានបណ្តើរៗ ស្របពេលដែលសេដ្ឋកិច្ចជាតិ កម្រិតជីវភាពរស់នៅ ចាប់ផ្តើមមានភាពប្រសើរឡើង។ នេះគឺជាអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីមើលឃើញនូវឱកាសក្នុងការដាក់ចេញនូវទស្សនវិស្ស័យប្រកបដោយភាពច្បាស់លាស់ ក្នុងការលើកកម្ពស់គុណភាពបរិស្ថាននៅប្រទេសកម្ពុជា។ ជាក់ស្តែង ក្រសួងបរិស្ថានមានបេសកកម្មសំខាន់ៗមួយចំនួន រួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។
ក្នុងនោះ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចគាំពារបរិស្ថាន ដែលចំពោះមុខ ចាំបាច់ត្រូវដាក់ចេញនូវគោលដៅ ប្រព័ន្ធគ្រប់គ្រង ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្តិ ក្នុងការចង្អុលបង្ហាញដល់ការងារគ្រប់គ្រងបញ្ហាសំរាម និងសំណល់រឹងឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងតម្រូវការធនធានមនុស្ស ដើម្បីឱ្យការងារដំណើរការទៅបាន ស្របតាមបទដ្ឋាន ផែនការនានាដែលបានដាក់ចេញ គេត្រូវការយ៉ាងសំខាន់នូវសម្ភារគ្រប់ប្រភេទ ក្នុងនោះរថយន្តប្រមូលសំរាម ដូចដែលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រគល់ជូនដល់កម្ពុជា តាមរយៈក្រសួងបរិស្ថាននាពេលនេះ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា កម្ពុជាច្បាស់នឹងប្រែក្លាយមុខមាត់ថ្មី ដែលមានបរិស្ថានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចំពោះការគាំទ្រដ៏មានសារៈសំខាន់នេះ និងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការការងារជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការគាំទ្របន្តទៀត ដល់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការលើគ្រប់វិស័យ ក្នុងនោះ កិច្ចសហការក្នុងវិស័យបរិស្ថាន គឺជាកិច្ចការចម្បងចំពោះមុខផងដែរ។ ក្នុងនាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងបរិស្ថានកម្ពុជា និងជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ដែលបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មកាន់តែប្រសើរឡើង។ ពិតណាស់ ការគ្រប់គ្របងសំរាម សំណល់រឹង គឺជារឿងស្មុគស្មាញ និងពិបាក ហើយត្រូវការពេលវេលា ក្នុងនោះដែរការបណ្ដុះការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការដែលទាមទារពេលវេលា និងភាពអត់ធ្មត់។ ទន្ទឹមនេះ តម្រូវការសម្ភារ រួមជាមួយការចូលរួមរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់នាំដល់ភាពជោគជ័យក្នុងគ្រប់គ្រងបញ្ហានេះ។ ដើម្បីរួមចំណែកនេះ ស្ថានទូតជប៉ុនចូលរួមចំណែកផ្តល់ជូននូវរថយន្តដឹកសំរាមចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីផ្តល់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១០ ខេត្ត ដើម្បីរួមចំណែកក្នុងដំណើរប្រែក្លាយកម្ពុជាប្រកបដោយបរិស្ថានស្អាត៕

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ