«ប៉មចម្រោះទឹកស្អាតដែលផ្តល់ដោយមូលនិធិកូកា-កូឡានៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជាបានចូលរួមផលិតទឹកស្អាតប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត និងប្រជាពលរដ្ឋនៅជុំវិញតំបន់នោះប្រើប្រាស់សម្រាប់ពិសាដោយឥតគិតថ្លៃ និងបានចូលរួមក្នុង ការសន្សំសំចៃថវិការបស់សិស្សានុសិស្សលើការទិញទឹក និងថែមទាំងបានចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកពីការប្រើប្រាស់ទឹកដបប្លាស្ទិក ធ្វើឱ្យសាលារៀននិងសហគមន៍មានបរិស្ថាននិងអានម័យល្អ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះក្នុងពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតដែលមូលនិធិកូកា-កូឡាប្រគល់ជូនសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ តាមរយៈក្រសួងបរិស្ថាន។ ពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតក៏មានការអញ្ជើញចូលរួមពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃអភិបាលក្រុងបូកគោ និងតំណាងក្រុមហ៊ុនកូកា-កូឡា និងសិស្សានុសិស្ស។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណ ចំពោះមូលនិធិកូកា-កូឡានៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសាជូនដល់សិស្សានុសិស្សនៅតាមសាលានានា និងចូលរួមជាមួយក្រសួងបរិស្ថានក្នុងការអប់រំបរិស្ថាន និងផ្តល់នូវដំណោះស្រាយផ្សេងៗក្នុងការគ្រប់ គ្រងសំណល់រឹងសំរាមជាពិសេសសំណល់ប្លាស្ទិកជាដើម។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតនេះបានចូលរួមចំណែកជួយលើកកម្ពស់សុខុមាល ភាពសិស្សានុសិស្សឱ្យកាន់តែប្រសើរ ព្រោះទឹកជាជីវិត និង មនុស្សម្នាក់ៗមានតម្រូវការទឹកជាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

ប៉មចម្រោះទឹកស្អាតដែលផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោតនេះគឺជាប៉មចម្រោះទី២ របស់ក្រុមហ៊ុន ដែលត្រូវបានដំឡើងនៅឆ្នាំ ២០២២ នេះ ហើយជាប៉មចម្រោះទឹកស្អាតទី ៣៣ ដែលត្រូវ បានដំឡើងឱ្យប្រើប្រាស់នៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ ប៉មចម្រោះទឹកស្អាត AQUATOWER គឺជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានដំឡើងរួមជាមួយនឹងAquaSan ដែលជាប្រព័ន្ធលាងសម្អាតបន្ទប់ទឹកដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ប្រមាណ ៣០០ នាក់នៅទីនេះ។ បើទោះជាការប្រគល់ប៉មចម្រោះទឹកស្អាតនេះ អាចជាការបង្ហាញពីការបញ្ចប់គម្រោងក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់ត្រឹមការតំឡើងប៉មនេះដែរ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើតំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើង។

កញ្ញា ហៀង ច័ន្ទសុនាង នាយិការប្រចាំប្រទេស ផ្នែកច្បាប់ នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានថ្លែងថា សម្រាប់ក្រុមហ៊ុនកូកា-កូឡា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)គឺជាចក្ខុវិស័យរបស់យើងដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាព និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានក្នុងការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។ ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភធំៗចំនួន៥រួមមាន៖ ពិភពលោកគ្មានសំរាម ការផ្តល់ទឹកដល់សហគមន៍ ការលើកកម្ពស់ស្រ្តី អាកាសធាតុ និងសុខុមាលភាពសហគមន៍។ កញ្ញាបានថ្លែងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានពង្រីកភាពជាដៃគូរបស់យើងជាមួយមូលនិធិ Planet Water ដែលរហូតមកទល់ពេលនេះក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan បានចំនួន ៣៣កន្លែងសម្រាប់ប្រជាជនជាង ៥៥.០០០នាក់ប្រើប្រាស់ ដែលក្នុងនោះគឺជាសហគមន៍ស្ថិតនៅទីតាំងក្នុងខេត្តទាំង១៧ ជាទីជនបទដាច់ស្រយាល និងខ្វះខាតទឹក។ នៅឆ្នាំនេះ ក្រុមហ៊ុនមានផែនការដំឡើងប៉មចម្រោះទឹកនិងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន ៨ទៀត នៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើង៨កន្លែងបន្ថែម គម្រោងទឹកស្អាតកូកា-កូឡា នឹងបម្រើជាប្រយោជន៏ដល់សហគមន៍តូចៗដែលមានក្នុង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវ ដល់សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលាត្រូវចូលរួមថែរក្សាឧបករណ៍ចម្រោះទឹកស្អាតនេះដើម្បីអាចប្រើប្រាស់សម្រាប់ ពេលយូរអង្វែង និងសម្រាប់សិស្សានុសិស្សជំនាន់ក្រោយទៀត៕

រូបថតដោយ ឆែម ចាន់ធឿន

 

ព័ត៌មានបន្ថែម

វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន