នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី»ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងប្រជាសហគមន៍នានាក្នុងខេត្តមណ្ឌលគិរី។

ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរីនិយាយជារួម និងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើនិយាយដោយឡែក ដែលទឹកឃ្មុំព្រៃ ផលិតផលមូលដ្ឋានរបស់ខ្លួនត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅពេលនេះ។ នេះគឺជាមោទកភាពសម្រាប់បងប្អូនសហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់គុណភាពនៃទឹកឃ្មុំព្រៃមណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងចំណោមសមាជិកចំនួន ១០ នៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងនោះមានតំបន់ការពារធម្មជាតិចំនួន ៥ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការដៃគូ និងម្ចាស់ជំនួយ សហគមន៍តំបន់ការពារធម្មជាតិទាំង នេះ បាននិងកំពុងទាញយកនិងកែច្នៃនូវផលអនុផលព្រៃឈើប្រកបដោយនិរន្តរភាព ដោយបានប្រើប្រាស់បច្ចេកទេសប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីរកចំណូល អភិវឌ្ឍជីវភាព និងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួនឱ្យមានភាពប្រសើរឡើង។ ពលរដ្ឋមានការងារធ្វើ មានចំណូល ប្រចាំថ្ងៃ និងមានជីវភាពធូរធារនឹងធ្វើឱ្យពួកគាត់កាន់តែមានការយល់ច្បាស់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាប្រភពមិនចេះរីងស្ងួតនៃការទាញយកផលនិងអនុផលព្រៃឈើប្រកបដោយបច្ចេកទេសដើម្បីគាំទ្រជីវភាពខ្លួន។ ក្រសួងបរិស្ថានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិត និងសម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ដែលនឹងធ្វើឱ្យទឹកឃ្មុំព្រៃមណ្ឌលគិរីកាន់តែមានតម្លៃ មានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺសក្តិសមនឹងគុណភាព ដ៏ល្អនៃទឹកឃ្មុំព្រៃ និងជាពិសេសនឹងអាចការពារកម្មសិទ្ធិបញ្ញាទឹកឃ្មុំព្រៃនេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានជឿជាក់ថា ក្រោយពីទទួលបានវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្រ្តហើយ នឹងជួយការពារទឹកឃ្មុំព្រៃមណ្ឌលគិរីនិងរក្សាជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ កន្លងមក បងប្អូនប្រជាសហគមន៍មួយចំនួនបានប្រកបរបរប្រពៃណី ចូលព្រៃកាប់ឈើ ចូលព្រៃចាប់សត្វព្រៃ ដើម្បីដោះស្រាយបញ្ហាជីវភាព។ តែបច្ចុប្បន្ននេះ ជាមួយការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាលើជីវភាពសហគមន៍ ពួកគាត់មួយចំនួនធំបានប្រែមកជា ចូលរួមការពារព្រៃឈើ និងអភិរក្សសត្វព្រៃ ដើម្បីការប្រើប្រាស់ និងដកយកអនុផលព្រៃឈើប្រកបដោយនិរន្តភាពជំនួសវិញ។ នេះគឺជាផ្នែកមួយនៃការកសាងរបងមនុស្សដ៏រឹងមាំដើម្បីការពារធនធានធម្មជាតិរបស់យើងដែលនៅសេសសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស និងរីកចម្រើនទៅមុខ។
ឯកឧត្តមរដ្ឋមលេខាធិការបានបន្តថា ក្នុងក្របខណ្ឌនៃការគិតគូរពីការដកហូតផលអនុផលព្រៃឈើប្រកប ដោយនិរន្តរភាព និងការលើកតម្កើងជីវ ភាពប្រជាសហគមន៍ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វផ្សេងៗដូចជាគោ ជ្រូក ក្របី ពពែជាដើមដើម្បីប្រជាពលរដ្ឋចិញ្ចឹម ព្រោះការការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ មិនសំដៅទៅលើតែការអនុវត្តច្បាប់តែមួយមុខប៉ុណ្ណោះទេ តែចាំបាច់ត្រូវការកត្តាជាច្រើនរួមផ្សំជាពិសេសគឺ ការផ្តល់ជម្រើសមុខរបរថ្មី និងផ្តល់ប្រភពចំណូលជាប្រចាំ ដល់ក្រុមជនគោលដៅ។ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមការពារនិងអភិរក្សព្រៃឈើ សត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទាំងអស់គ្នា។ ប្រជាលរដ្ឋត្រូវផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។

រូបថតដោយ ឆែម ចាន់ធឿន

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី