«ការចូលរួមក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាគន្លឹះយ៉ាងសំខាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលធន់នឹងអាកាសធាតុ និងមានអាព្យាក្រឹតកាបូន» នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍ ស្តីពីការអនុវត្តរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC) នាថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ទិន ពន្លក បានលើកឡើងថាកម្ពុជាក្នុងនាមជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុបានយល់ច្បាស់អំពីភាពចាំបាច់នៃសកម្មភាពការឆ្លើយតបប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជាជាប្រទេសដែលមានទំនួលខុសត្រូវតិចតួចជាប្រវត្តិសាស្រ្តដែលបណ្តាលឱ្យមានវិបត្តិអាកាសធាតុក្នុងពេលបច្ចុប្បន្ន តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះប្រកបដោយទំនួសខុសត្រូវនិងគោលដៅច្បាស់លាស់ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព NDC ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់ និង នៅឆ្នាំ២០២១ កម្ពុជាបានដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន ជាមួយគោលដៅការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ២០៥០។
ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC ជាផ្នែកមួយនៃការរាយការណ៍វឌ្ឍនភាពការងារ NDC ស្របតាមរចនាសម្ព័ន្ធនៃក្របខ័ណ្ឌជាតិត្រួតពិនិត្យ និងវាយតម្លៃការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលសូចនាករតាមវិស័យរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសូចនាករត្រៀម ដើម្បីជួយសម្រួលដល់ការអនុវត្ត NDC។ ឯកឧត្តមថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ និងជាពិសេសកិច្ចសហការល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំរបាយប្រព័ន្ធត្រួតពិនិត្យ NDC លេចជារូបរាងឡើងដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជាច្រើននាក់ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារបស់ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC និងកំណត់ពីចំណុចអាទិភាពសម្រាប់សកម្មភាពបន្ទាប់ ការកៀរគរធនធាន និងសំណូមពរនានាពីអ្នកពាក់ព័ន្ធ។កិច្ចប្រជុំបានពិនិត្យនិងសម្រេចលើលទ្ធផលបឋមនៃប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC និងប្រមូលធាតុចូលក៏ដូចជាអនុសាសន៍ល្អៗសម្រាប់ការអនុវត្តជំហានបន្ទាប់។ កិច្ចប្រជុំក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្ត NDC តាមវិស័យក្នុងឆ្នាំ២០២១ ដោយតំណាងក្រសួងពាក់ព័ន្ធនិងបានពិភាក្សាអំពីការធ្វើផែនការរបស់អន្តរក្រសួងនិងដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត NDC នៅឆ្នាំ២០២២។ ក្នុងនោះតំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងពីទស្សនៈរបស់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត និងសកម្មភាពនានាក្នុងការគាំទ្រ NDC សម្រាប់វិស័យសំខាន់ក្នុងប្រទេសកម្ពុជា និងបានសម្តែងការអបអរសាទរចំពោះប្រព័ន្ធតាមដាន NDC ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងសកម្មភាពបន្ស៊ាំនិងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា