នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅស្រុកក្រវាញ ខេត្ដពោធិសាត់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់នៃក្រសួងបរិស្ថាន បានចូលរួមជាគណៈអធិបតីក្នុងពិធីចុះសាកសួរសុខទុក្ខប្រជាជន ក្រុមការងារ និងពិនិត្យស្ថានភាពជំងឺគ្រុនចាញ់ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល មន្ទីរបរិស្ថានខេត្ដ មន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រីឧទ្យានុរក្ស ព្រមទាំងអង្គការដៃគូរ (WHO, UNOPS, PMI/USAID, CRS, CHAI,MC, CMEP2, KOFIH )។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ក្រីបានដឹកនាំប្រតិភូចូលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ អ្នកជំងឺ ដែលស្នាក់នៅមន្ទីរពេទ្យបង្អែកក្រវាញ និងបន្ដចុះសំណេះសំណាលជាមួយប្រជាសហគមន៍ ដោយជម្រុញឱ្យកម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តទាំងអស់ ស្វែងរកការធ្វើតេស្តជំងឺគ្រុនចាញ់ភ្លាមៗ ជាមួយអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ មណ្ឌលសុខភាពក្រោយត្រឡប់ពីព្រៃ។ ក្នុងករណីរកឃើញថា មានមេរោគគ្រុនចាញ់ ត្រូវព្យាបាលភ្លាម ហើយអ្នកមិនមានជំងឺ ត្រូវបង្ការខ្លួនកុំឲ្យកើតជំងឺដោយការប្រើប្រាស់មុងអង្រឹងជ្រលក់ថ្នាំពេលចូលទៅសម្រាកក្នុងព្រៃ ឬថ្នាំលាបស្បែក និងលេបថ្នាំបង្ការមុនពេលចូលព្រៃ។ ឯកឧត្តមរដ្ឋមន្ត្រីសំណូមពរដល់បុគ្គលិក មន្រ្តីផ្តល់សេវាសុខាភិបាលគ្រប់កំរិតត្រូវចុះជួបប្រជាជនដល់ចំណុចផ្ទាល់ និងផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការបង្ការ និងព្យាបាលជំងឺគ្រុនចាញ់ ។ ឯកឧត្តមក៏បានចែកកញ្ចប់មុងចូលព្រៃ ជូនដល់ក្រុមការងារប្រចាំការនៅតាមគោលដៅ ប៉ុស្តិ៍ច្រកចេញចូលព្រៃ មន្ដ្រីឧទ្យានុរក្ស អ្នកស្មគ្រ័ចិត្តភូមិ កម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តសរុបចំនួនជាង ៣០០នាក់ ដែលកំពុង ធ្វើការ និងស្នាក់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលជាតំបន់ប្រឈមនឹងការ ចម្លងជំងឺគ្រុនចាញ់ខ្ពស់។

ប្រតិភូបានអញ្ជើញបន្តដំណើរទៅពិនិត្យនិងជួបដោយផ្ទាល់ជាមួយក្រុមការងារនៅច្រករំល ដែលជាស្នាក់ការអូរដា និងជាច្រកចេញចូលព្រៃ ដែលមានមន្រ្តីសុខាភិបាល មន្ដ្រីឧទ្យានុរក្ស និងអ្នកស្មគ្រ័ចិត្តភូមិកំពុងបំរើការងារនៅទីនោះ។ ទន្ទឹមនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានដែលបានសហការយ៉ាងជិតស្និទ្ធផ្ដល់នូវស្នាក់ការ និងមន្ត្រីឧទ្យានុរក្សដើម្បី ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីកម្ពុជា នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ម៉ុម ថានី បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្ស និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កន្លងមកដើម្បីបុព្វហេតុការពារធនធានធម្មជាតិ និងអាយុជីវិតរបស់ប្រជាសហគមន៍។

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ