ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពចំនួន ៨

សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ បានបិទបញ្ចប់ នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រោយពីដំណើរការរយៈពេលមួយថ្ងៃកន្លះរួចមក។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការបម្រើជាតិមាតុភូមិក្នុងបុព្វហេតុ បរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមរយៈសន្និបាតបូក សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃមកនេះក៏ដូចជា សិក្ខាសាលាបច្ចេកទេសនានាបានបង្ហាញឱ្យឃើញនូវលទ្ធផលការងារសំខាន់ៗជាច្រើនរបស់ក្រសួងបរិស្ថានគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងក៏បានរកឃើញផងដែរនូវបញ្ហាប្រឈម កាលានុវត្តភាព និងមេរៀនដកពិសោធល្អៗ ក៏ដូចជាសំណូមពរ និងអនុសាសន៍នានា ដែលជាធាតុចូលដ៏មានសារសំខាន់
សម្រាប់រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងឆ្លើយតបទៅនឹងតម្រូវការនិងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជានិន្នាការពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
ឆ្លើយតបទៅនឹងលទ្ធផលនៃសន្និបាតនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការច្នៃប្រឌិតខ្ពស់ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម និងគោលបំណងជាយុទ្ធសាស្រ្តរបស់យើង ពោលគឺ ធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឱ្យគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពមួយចំនួនដូចខាងក្រោម៖

(១.) បន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល។

(២) បន្តពង្រឹងនិងសម្រួចគោលនយោបាយនិងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសេក្នុងការឆ្លើយតបទៅនឹងអាទិភាពនៃការងារប្រែប្រួលអាកាស

ធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាបនិងប្រកបដោយចីរភាព។

(៣) បន្តពង្រឹងកិច្ច គាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាត ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។

(៤) បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែបនៃធនធានធម្មជាតិនិងជីវៈចម្រុះ មុខងារសេវា កម្មកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។

(៥) បន្តអភិវឌ្ឍសហគមន៍មូល ដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន

(៦) បន្តជំរុញការងារអប់រំ បរិស្ថានដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន, ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។

(៧) បន្តជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ និងការទូតបរិស្ថាន ក្នុងឧត្តមប្រយោជន៍កម្ពុជា។

(៨) បន្តជំរុញការងារយេនឌ័រ យុវជន ស្រ្តី និងកុមារ ដើម្បីធានាបាននូវវិបុលភាព បរិយាប័ន្ន និងសុខដុមនីយកម្មសង្គម។

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ