ប៉មទស្សនាសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ នៃតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រៃវែង ដែលមានកម្ពស់១២ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត តំណាងអង្គការដៃគូ យុវជនស.ស.យ.កខេត្ត យុវជនកាយឫទ្ធិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង២០០នាក់។

ថ្លែងទៅកាន់អ្នកចូលរួមឯកឧត្តម ចាយ សាមិត្ត បានគូសបញ្ជាក់ឱ្យដឹងថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បង្កើតឡើងដោយអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានផ្ទៃដីទំហំ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៏ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះប្រភេទមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។
ឯកឧត្តមឱ្យដឹងទៀតថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វ ចំនួន១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន០៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ និងប៉មចំនួន០៣កន្លែងទៀតបានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

ក្រសួងបរិស្ថាន ផ្តល់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារធម្មជាតិប្រើប្រាស់ ក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ៕

   

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ