ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតី ក្នុង «វេទិកាផ្សព្វផ្សាយអំពីផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០» នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងប្រធានប្រចាំតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ក្នុងនាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងរ៉ែនិងថាមពល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងនូវឯកសារគោលនយោបាយដ៏មានសារសំខាន់ទាំងនេះ សម្រាប់គាំទ្រដល់អន្តរកាលសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា ទៅកាន់ដំណាក់កាលថ្មី គឺកសាងសង្គមមួយប្រកបដោយអព្យាក្រឹត្យកាបូន និងវិបុលភាព។
ឯកឧត្តមបានឱ្យដឹងថា ថាមពលគឺផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅក្នុងសង្គមទំនើប ប៉ុន្តែថាមពល ជាពិសេស ប្រភពថាមពលជាប្រពៃណី ក៏មានចំណែកយ៉ាងធំនៅក្នុងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវ «ផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០» មិនត្រឹមតែជា ជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពល នៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ក្នុងដំណើរឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពោលគឺ កម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង របៀបរបបរស់នៅនិងការគិតគូរបែប ជឿនលឿន ទីក្រុងមានសោភណ្ឌភាព ផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា ផងដែរ។ ដើម្បីសម្រេចគោលដៅទាំងនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋម្នាក់ៗ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីសំខាន់ផងដែរ ក្នុងការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយដល់សាធារណៈជន អំពីផលប្រយោជន៍នៃប្រសិទ្ធភាពថាមពល។ នេះជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកប្រើប្រាស់ថាមពលទាំងអស់ ទាំងកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូល ឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍បានច្រើនជាងមុន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី