យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បានចាប់ផ្តើមធ្វើឡើងនៅខេត្តពោធិ៍សាត់ជាលើកដំបូង នៅថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០២៣។ យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដែលបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលទី១ ប្រព្រឹត្តឡើងក្នុងឆ្នាំ២០២២។ យុទ្ធនាការនេះបានបន្តដំណើររដល់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមធ្វើមុនគេក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ។

យុទ្ធនាការអន្ទា្កក់សូន្យដំណាក់កាលទី២ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការដៃគូអភិរក្ក្សជាច្រើនដូចជា Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Center for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC។ ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលរៀបចំឡើងដោយមានការសហការពីរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។
គោលបំណងដ៍សំខាន់នៃយុទ្ធនាការនេះគឺ “អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិទាំងអស់” ជាមួយលទ្ធផលដែលបានរំពឹងទុកដូចជា ៖
• ការពិនិត្យនិងអនុម័ត្តមាត្រាច្បាប់ដែលទាក់ទងការគ្រប់គ្រង ការដាក់អន្ទាក់ និងការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ ។
• ការបង្កើតអង្គភាពចល័តអនុវត្តច្បាប់ចម្រុះនៅតាមខេត្តដើម្បីត្រួតពិនិត្យនិងបង្រ្កាបការជួញដូរសត្វព្រៃខុសច្បាប់នៅតាមទីផ្សារ និងកន្លែងសំខាន់ៗក្នុងខេត្ត។
• ការអនុម័តវិធានការបង្ការណែនាំអំពីហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងការជួញដូរសត្វព្រៃដែលមានចែងដោយអង្គការសុខភាពពិភពលោកក្នុងខែមេសា ឆ្នាំ ២០២១។
• ការចូលរួមពីសាធារណៈក្នុងការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ តាមរយៈការផ្លាស់ប្តូរឥរិយាបទនិងទំលាបនៃការរស់នៅ។
យោងតាមសុន្ទរកថារបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ហើយនឹងគ្រោងធ្វើនៅតាមបណ្តាលខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ។ យុទ្ធនាការនេះបានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត»។
លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍។ លោក John Willis មានប្រសាសន៍ថា៖ «អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឳកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ»។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖ «គិតត្រឹមថ្ងៃនេះវាមារយៈពេល មួយឆ្នាំគត់ដែលក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បានធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ១ ហើយយើងមានសេចក្តីសោមនស្សរីការាយដែលយុទ្ធនាការរួមគ្នានេះបានធ្វើដំណើរដល់ភាគនិរតីនៃប្រទេសកម្ពុជា ដែលខេត្តពោធិ៍សាត់ជាគោលដៅទីមួយនៃដំណាក់កាលទី២។ អន្ទាក់គឺជាឃាតករលាក់មុខនិងសម្លាប់សត្វព្រៃដោយមិនរើសមុខ ដែលជាការគំរាមកំហែងដល់ការរស់រានរបស់សត្វនិងមនុស្ស។ ដូចនេះ ដើម្បីឲ្យសាធារជនបានយល់ដឹងអំពីវិបត្តិអន្ទាក់នេះ ហើយងាកមកចូលរួមការពារធនធានសត្វព្រៃកម្ពុជា យើងនឹងបន្តសហការរួមគ្នាឲ្យកាន់តែខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ ក្នុងគោលដៅស្តារធនធានធម្មជាតិឡើងវិញ»។
អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ លោក ទុយ សេរីវឌ្ឍនា ប្រធានកម្មវិធីនៃអង្គការ សម្ព័ន្ធ សត្វព្រៃ និង ធម្មជាតិ (Wild Earth Allies-WEA) នៅកម្ពុជាមានប្រសាសន៍ថា៖ «ការបញ្ឈប់ការដាក់អន្ទាក់នឹងនាំមកនូវផលប្រយោជន៍រយៈពេលវែងដល់សត្វព្រៃ ជម្រកសត្វព្រៃ និងប្រជាពលរដ្ឋកម្ពុជា។ យើងអាចចូលរួមទាំងអស់គ្នាដើម្បីការពារជីវចម្រុះរបស់យើងនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពសហគមន៍ និងសុខភាពសាធារណៈតាមរយៈការផ្សព្វផ្សាយអំពីការផ្លាស់ប្តូរបែបវិជ្ជមាន»។
កញ្ញា Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានយល់ឃើញថា៖ «អន្ទាក់គឺសម្លាប់មិនរើសមុខឡើយ និងបង្ករបួសយ៉ាងធ្ងន់ធ្ងរដល់សត្វជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិ។ ការបរិភោគសាច់សត្វព្រៃអាចមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយដរាបណាមនុស្សយើងនៅតែបន្តបរិភោគសាច់សត្វព្រៃនោះការដាក់អន្ទាក់នឹងនៅតែបន្ត។ យើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីធ្វើការផ្លាស់ប្តូរ៖ ចូលរួមជាមួយយើងនៅក្នុងការ បញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា»។
លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បញ្ជាក់ថា៖ «ការសិក្សាថ្មីៗបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាទីជម្រកដល់សត្វព្រៃជាច្រើនប្រភេទរួមទាំងសត្វដែលត្រូវបានកំណត់ថាផុតពូជ ឬជិតផុតពូជ។ ការបញ្ឈប់ទាំងស្រុងចំពោះការបរបាញ់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃគឺជារឿងសំខាន់ និងបន្ទាន់បំផុតសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យគឺជាឱកាសដ៏ល្អមួយដោយសារយុទ្ធនាការនេះត្រូវបានរៀបចំឡើងចំពេលវេលាល្អ និងក្នុងគោលបំណងដ៏អស្ចារ្យដើម្បីជួយសង្គ្រោះសត្វព្រៃ។ យើងទាំងអស់គ្នា គួរចូលរួមជាមួយ គ្នា ថែរក្សា សត្វព្រៃ ដែល នៅ សេសសល់ នៅប្រទេសកម្ពុជា»។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FFI ក៏បានលើកឡើងផងដែរថា៖ «អន្ទាក់គឺជាបញ្ហាប្រឈមដ៏ធំចំពោះសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះបន្ថែមទៀត។ លើសពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងសម្លាប់គ្មានរើសមុខ ការដាក់អន្ទាក់នាំឱ្យចំនួនសត្វព្រៃធ្លាក់ចុះជាលំដាប់ ដែលនាំឱ្យបាត់បង់លំនឹងនៃប្រព័ន្ធអេកូឡូស៊ី។ ការកំចាត់អន្ទាក់គឺជារឿងសំខាន់ និងបន្ទាន់ជាទីបំផុត។ អ្វីដែលរឹត តែ សំខាន់ ជាង នេះ ទៅ ទៀត គឺ ដំបូងយើងត្រូវតែលុបបំបាត់នូវការលើកទឹកចិត្តចំពោះការដាក់អន្ទាក់ ដែលទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ និងការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ មិនមែនត្រឹមតែជាប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននោះទេ។ សត្វព្រៃនៅកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ ហើយយើងត្រូវតែធ្វើសកម្មភាពជាមួយគ្នាឥឡូវនេះដើម្បីបញ្ឈប់»។
សន្និសីទសារព័ត៌មានត្រូវបានរៀបចំនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានអន្ទាក់សូន្យ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីជាច្រើនរូបទៀត រួមជាមួយអង្គការដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ចំនួន ១០ ស្ថាប័ន និងសមាជិកសារព័ត៌មាន ចំនួន ១៦ ស្ថានប័ន។
បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាននេះ នៅថ្ងៃបន្ទាប់យុទ្ធនាការនេះនឹងមានការសម្តែងផ្សេងៗដោយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ការឡើងប្តេជ្ញាចិត្ត ការដាក់បង្ហាញឧបករណ៍ និងវត្ថុដូចជារណារយន្ត អន្ទាក់ កាំភ្លើងកែច្នៃ និងមានក្បួនដង្ហែរតាមផ្លូវក្នុងក្រុងដែលមានអ្នកចូលរួមជាង ៣០០ នាក់៕

រូបថតដោយ ឡុង ដេវីត

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ
ថ្ងៃ ចន្ទ, 27 តុលា, 2025 ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ