ជាលទ្ធផលដ៏ល្អប្រសើរ សិស្សានុសិស្សចំនួនជាង១លាននាក់ នៅតាមសាលារៀនជាង១០០០ សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នេះជាជោគជ័យមួយ ដែលយុទ្ធនាការ បានគ្របដណ្តប់នៅទូទាំងប្រទេស ហើយលទ្ធផលខាងលើ បានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស។

លើសពីនេះ កម្មករកម្មការិនី ចំនួនប្រមាណ១ម៉ឺននាក់ នៅតាមរោងចក្រសហគ្រាស ចំនួនជាង១០ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកំណត់ការចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យបានប្រសើរឡើងបន្ថែមទៀត ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។

យុទ្ធនាការ ចាប់ផ្តើមដំបូង នៅតាមសាលារៀនទាំង៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានសិស្សានុសិស្ស ចូលរួមសរុប ចំនួនជាង ១៨ ៧០០នាក់។ បច្ចុប្បន្នយុទ្ធនាការនេះ បាននិងកំពុងបន្តអនុវត្ត នៅតាមសាលារៀន ក្នុងរាជធានី និងខេត្តផ្សេងៗទៀតទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ ទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀន និងជាពិសេសកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់គ្នា ទើបយុទ្ធនាការនេះអាចសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់៕

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី