(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ទទួលបានការវាយតម្លៃខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រម ទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។

គួរឱ្យដឹងថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២,៦ លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាព្រមទាំងដៃអភិវឌ្ឍន៍ផងដែរ។

ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពឱ្យមានប្រសិទ្ធភាព ដែលក្នុងនោះ
ទី១៖ គឺការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ,
ទី២៖ ពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ,
ទី៣៖ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និង
ទី៤៖ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១០ ខែតុលា បានប្រកាសផ្តល់កូនឈើជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តយកទៅដាំថែរក្សាដោយខ្លួនឯង ប្រមាណចំនួន ១លាន៣០ម៉ឺនដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០ ៕

 

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ