ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាង៥០០នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries)។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ី ក្រុមគ្រូពេទ្យកម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រទេសម៉ាឡេស៊ី នៅពេលនេះ បានបង្ហាញពីមិត្តភាពជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលដែលបានបញ្ជូនក្រុមគ្រូពេទ្យស្មគ្រចិត្តមកកម្ពុជា ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈកាលកន្លងមក ជាពិសេសបាននិងកំពុងជួយគាំទ្រយ៉ាងច្បាស់លាស់ ដល់សន្តិភាពនៅកម្ពុជាផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាប្រទេសម៉ាឡេស៊ី បានចូលរួមយ៉ាងសកម្ម និងជាបន្តបន្ទាប់ក្នុងការជួយដោះស្រាយលើជម្លោះរវាងកម្ពុជា និងថៃ ប្រកបដោយសន្តិភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណរដ្ឋរាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំ និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ ប្រទេសម៉ាឡេស៊ី ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋកម្ពុជា ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ី។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយនិងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries) និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាមួយចំនួន នៅក្នុងថ្ងៃនេះ បានពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺរោគស្រី ជំងឺក្រពះ ពោះវៀន និងជំងឺភ្នែក ជូនប្រជាពលរដ្ឋសរុប ចំនួន៥១៣នាក់ ក្នុងនោះមានស្រ្តី៣០៧នាក់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី