ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកកាន់កម្ពុជាវិញ ជាមួយលទ្ធផលផ្លែផ្កាជាច្រើនលើវិស័យបរិស្ថាននិងធនធានធម្មជាតិ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៨ (18th AMME) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី
ថ្ងៃ សៅរ៍, 6 កញ្ញា, 2025ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលផ្លែផ្កា បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៨ (18th AMME) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសន្ទរកថាគន្លឹះ បញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែក ដោះស្រាយបញ្ហាបរិស្ថាន ក្នុងតំបន់និងពិភពលោក។ ឯកឧត្តមបានបង្ហាញអំពីគោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ការជំរុញភាពស្អាត និងអនុវត្តគោលការណ៍ ៤R ការដាំកូនឈើពង្រីកគម្រកបៃតង និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការបំពុលដោយប្លាស្ទិក។
ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានឯកភាពលើសេចក្តីថ្លែងការណ៍រួម របស់អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់កិច្ចប្រជុំសន្និសីទ បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងប្រទេសប្រេស៊ីល និងគ្រោងដាក់ជូនអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ផងដែរ។ ប្រទេសអាស៊ានទាំង១០បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានទីស្នាក់ការនៅប្រទេសប្រ៊ុយណេ។ កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានអនុម័តលើសំណើ ដាក់បញ្ចូលជាឧទ្យានបេតិកភណ្ឌអាស៊ាន ចំនួន ៦តំបន់ គឺទី៦៤ ទី៦៥ ទី៦៦ ទី៦៧ ទី៦៨ និងទី៦៩ ក្នុងនោះមាន ចំនួន៣ ស្ថិតនៅប្រទេសម៉ាឡេស៊ី និងចំនួន៣ទៀត នៅប្រទេសវៀតណាម។
ជាមួយគ្នានេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទបណ្តាភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលនៃផ្សែងអ័ព្ទឆ្លងដែន លើកទី២០ (COP-20) ដែលបានលើកឡើង ពីសកម្មភាពថ្នាក់ជាតិ និងថ្នាក់តំបន់ ដែលបានអនុវត្ត ក្នុងការទប់ស្កាត់ការបំពុល ដោយផ្សែងអ័ព្ទឆ្លងដែន ប្រព័ន្ធពិនិត្យតាមដានចំណុចមានភ្លើងឆេះ និងមានការបំពុលនៃផ្សែងអ័ព្ទ។ អង្គប្រជុំបានកត់សម្គាល់ថា កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្តីពីការគ្រប់គ្រងការបំពុលនៃផ្សែងអ័ព្ទឆ្លងដែន ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ីត្រូវបានចុះហត្ថលេខាដោយប្រទេសអាស៊ានទាំង១០។ លើសពីនេះ អង្គប្រជុំបានអនុម័ត លើឯកសារទស្សនទានគម្រោង ស្តីពីពិធីសាដោយរួមបញ្ចូលដើម្បីធ្វើឱ្យប្រសើរឡើង នូវការប៉ានប្រមាណធាតុអាកាស និងគុណភាពខ្យល់ (SEACAI) និងគម្រោងអាហារូបករណ៍ សិក្សាពីការគ្រប់គ្រងភ្លើងឆេះព្រៃ និងដីមមោក។
នៅក្នុងល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត និងលោកជំទាវ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមពីធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២៥ និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ ពិធីប្រគល់ពានរង្វាន់នេះប្រព្រឹត្តទៅដោយមានវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងឯកឧត្តមអគ្គលេខាធិការដ្ឋានអាស៊ាន។ ប្រទេសកម្ពុជាមានទីក្រុង និងស្រុកចំនួន៥ ដែលទទួលបានពានរង្វាន់ជាទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥ និងវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ខ្យល់ស្អាត និងសេដ្ឋកិច្ចចក្រា ពីកម្មវិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ក្នុងនោះរួមមាន៖
១)ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥
២)ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា
៣)ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត
៤)ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត និង
៥)ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។
ជាបន្តបន្ទាប់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំដៃគូសន្ទនា ថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុប ស្តីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ លើកទី១ ដែលបានអនុម័តសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីកិច្ចសន្ទនារដ្ឋមន្រ្តីអាស៊ាន–សហភាពអឺរ៉ុបលើកទី១ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងបានស្វាគមន៍នូវកម្មវិធីការងារ ឆ្នាំ២០២៥–២០២៦ របស់អាស៊ាន–សហភាពអឺរ៉ុប។ នៅក្នុងវេទិការនេះ អាស៊ាន និងសហភាពអឺរ៉ុប បានបញ្ជាក់អំពីការប្តេជ្ញារួមគ្នាតាមរយៈការពង្រឹងភាពជាដៃគូ ដើម្បីដោះស្រាយវិបត្តិភពផែនដីចម្បងចំនួន ៣ រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល។ បន្ថែមពីនេះ អាស៊ាន និងសហភាពអឺរ៉ុបបានបង្ហាញភាពស៊ីចង្វាក់គ្នា (១)លើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ (២)ឆន្ទៈនៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឱ្យបានមុនសន្និសីទរដ្ឋភាគីលើកទី៣០ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងប្រារព្ធឡើងនៅខែវិច្ឆិកាខាងមុខ នៅប្រទេសប្រេស៊ីល និង (៣)ភាពបន្ទាន់នៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ២០៣៥ ដើម្បីក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
ដោយយល់ឃើញអំពីឱកាសសេដ្ឋកិច្ច-សង្គម អាស៊ាន និងសហភាពអឺរ៉ុបបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ បច្ចេកវិទ្យាធ្វើឱ្យការបញ្ចេញកាបូនទាប ប្រព័ន្ធថាមពលចម្រុះ និងការលក់កាបូន។ អាស៊ាន និងសហភាពអឺរ៉ុប បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃនិរន្តរភាពព្រៃឈើ និងការគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតលើនិរន្តរភាពបរិស្ថាន និងកិច្ចសហការនៅក្នុងសម័យប្រជុំសភាបរិស្ថានសហប្រជាជាតិ។
នៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ជប៉ុន ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុលើកទី៣ ដែលបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមអាស៊ាន–ជប៉ុន ស្តីពីភាពជាដៃគូដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ស្តីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានកំណើនថ្មី។ សេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់អំពីការបង្កើនផលិតកម្មសាធារណៈ និងនិរន្តរភាពសកល តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការកាត់បន្ថយការបញ្ចេញឧស័្មនផ្ទះកញ្ចក់ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ តាមរយៈអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ និងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមស្តីពីការបំពុលបរិស្ថានថ្នាក់មូលដ្ឋាន និងតំបន់ រួមមាន ការបំពុលដោយសំណល់ ការបំពុលខ្យល់ និងទឹកជាដើម។ សេចក្តីថ្លែងការណ៍រួមបានឯកភាព ពង្រឹងភាពជាដៃគូរវាងអាស៊ាន–ជប៉ុន ស្តីពីសេដ្ឋកិច្ចចក្រា ដោយការស្វែងយល់អំពីសារៈសំខាន់នៃសេដ្ឋកិច្ចចក្រានេះ នៅក្នុងបរិបទសកលបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍រួមបានកំណត់អំពីកិច្ចសហការ ស្តីពីការអនុវត្តវិធានការផ្សេងៗនៅក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏បានឯកភាពពង្រីកការអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ាន–ជប៉ុន ស្តីពីកម្មវិធីយុទ្ធសាស្រ្តសម្រាប់អាកាសធាតុ និងបរិស្ថានអាស៊ាន (ហៅកាត់ថាកម្មវិធី SPACE)។
ដោយឡែក កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានបូកបីលើកទី១៩ បូកចិន ជប៉ុន និងកូរ៉េ បានដំណើរការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន ក៏ដូចជាពិនិត្យលើផែនការអនាគត ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបរិស្ថាន ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ការគ្រប់គ្រងធនធានទឹក និងសំណល់ប្លាស្ទិកក្នុងសមុទ្រជាដើម។ អង្គប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២៦–២០៣០។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលអញ្ជើញ ចូលរួមប្រជុំរដ្ឋមន្រ្តីមន្រ្តីបរិស្ថានអាស៊ាន នៅប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបប្រជុំទ្វេភាគី ដើម្បីពិភាក្សាការងារដើម្បីពង្រឹងនិងពង្រតីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននិងធនធានធម្មជាតិ ជាមួយបណ្តារដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងរដ្ឋមន្រ្តីបរិស្ថានប្រទេសជាមិត្តនានាផងដែរ។ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន។ ជាលទ្ធផល ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន ក្នុងការផលិតផលិតផលប្លាស្ទិក កែច្នៃចេញពីដំឡូងមីនៅកម្ពុជា។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម Datuk Seri Johari Abdul Ghani រដ្ឋមន្ត្រីក្រសួងដាំដុះ និងទំនិញ និងជារដ្ឋមន្រ្តីស្តីទីក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន នៃប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) កិច្ចប្រជុំសន្និសីទបណ្តាភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលនៃផ្សែងអ័ព្ទឆ្លងដែនលើកទី២០ (COP-20) កិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន-សហភាពអឺរ៉ុប លើកទី១ ស្តីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ កិច្ចប្រជុំដៃគូសន្ទនាថ្នាក់រដ្ឋមន្រ្តីបរិស្ថាន អាស៊ាន-ជប៉ុន លើកទី៣ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានបូកបី លើកទី១៩ និងពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានផងដែរ។
នៅឆ្នាំ២០២៧ ប្រទេសមីយ៉ានម៉ា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៩ (19th AMME) និងកិច្ចប្រជុំសន្និសីទបណ្តាភាគី នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលនៃផ្សែងអ័ព្ទឆ្លងដែន លើកទី២២ (COP-22)។ ដៅយឡែក នៅឆ្នាំ២០២៦ ខាងមុខ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសន្និសីទបណ្តាភាគី នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលនៃផ្សែងអ័ព្ទឆ្លងដែន លើកទី២១ (COP-21)៕