ពិព័រណ៍សត្វស្លាបអន្តរជាតិលើកទី១នៅកម្ពុជា
ថ្ងៃ ចន្ទ, 19 មិនា, 2018អ្នកអភិរក្សបរិស្ថាន អ្នកស្រឡាញ់សត្វស្លាប មកពីប្រទេសចំនួន៨ បានចូលរួមពិព័រណ៍សត្វស្លាបអន្តរជាតិលើកទី១នៅប្រទេសកម្ពុជា ក្រោមប្រធានបទ “ សក្តានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាបនៅកម្ពុជា”។
ក្នុងឱកាសបើកពិព័រណ៍អំពីសត្វស្លាបអន្តរជាតិលើកទី១ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថាព្រឹត្តិការណ៍ជំរុញសាធារណជនឱ្យចូលរួមស្រឡាញ់សត្វស្លាប និងសត្វព្រៃបានច្រើន។ លោកជំទាវបានបន្តថា ទេសចរណ៍ធម្មជាតិដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាមូលដ្ឋាន ហើយក៏បានរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាជួយអភិវឌ្ឍសង្គមជាតិ។
លោក Liu Yin Xing តំណាង THE PEOPLE’S GOVERNMENT OF JINGSHAN នៃប្រទេសចិន ចាត់ទុកថាកម្ពុជាជាប្រទេសដែលមានអរិយធម៌ចំណាស់ និងសំបូរទៅដោយសក្តានុពលធម្មជាតិ ជាពិសេសប្រភេទសត្វស្លាបកម្រផងដែរ។
យ៉ាងណាមិញវត្តមានសត្វស្លាបកម្រ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សត្វស្លាបដ៏ល្បីល្បាញមួយ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានអញ្ជើញជាអធិបតីបើកពិព័រណ៍អំពីសត្វស្លាបអន្តរជាតិលើកទី១ បានសង្កត់ធ្ងន់ថាពិព័រណ៌អំពីសត្វស្លាបនៅកម្ពុជា គឺជាការរួមចំណែកកែប្រែផ្នត់គំនិតសាធារណជនឱ្យបង្កើនការយល់ដឹង និងការចូលរួមកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ពិព័រណ៍អំពីសត្វស្លាបអន្តរជាតិលើកទី១ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលJINGSHAN នៃប្រទេសចិន ព្រមទាំងមានការចូលរួមពីសមាគម CUN CAO XIN Rural Environmental Protection Association China Wildlife Conservation Association , ASEAN Bird Fair Commettee អង្គការជីវិតសត្វស្លាបកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា សមាគមន៍មគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា មជ្ឈមណ្ឌលសំវាសនា ដើម្បីការអភិរក្សសត្វព្រៃ។
ការតាំងពិព័រណ៍សត្វស្លាបលើកទី១មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់១៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីជំរុញការចូលរួមស្រលាញ់សត្វស្លាប ជុំរុញការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ថែរក្សាធនធានធម្មជាតិ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិនៅកម្ពុជាដល់សាធារណជនជាតិនិងអន្តរជាតិ។
ក្នុងកម្មវិធីនេះក៏មានការបង្រៀនអំពីការមើលសត្វស្លាប ការប្រកួតប្រជែងស្វែងរកសត្វកម្រ ការប្រកួតប្រជែងគូររូបសត្វស្លាប និងការប្រកួតប្រជែងថតរូបសត្វស្លាបផងដែរ៕