ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេស A ចំនួន ៣១នាក់ ក៏ដូចជាសិស្សជ័យលាភីទាំងអស់សរុបចំនួន ២៤៨៥នាក់ នៅក្នុងស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្រាប់ការខិតខំប្រឹងប្រែង សិក្សារៀនសូត្រនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥- ២០២៦ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន ដល់កូនសិស្សរហូតទទួលបានលទ្ធផលជាប់បប្រសើរ។

ឯកឧត្តម បានមានប្រសាសន៍ជំរុញឱ្យយុវសិស្សជ័យលាភី បន្តពង្រឹងសមត្ថភាពលើផ្នែកបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីក្លាយជាធនធានមនុស្សដ៏មានឥទ្ធិពល ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តម បានថ្លែងថា សិស្សជ័យលាភីនៅពេលនេះ ស្វែងរកក្តីស្រមៃខ្លួនឯងឱ្យឃើញ និងបន្តចាប់យកឱកាសសិក្សានៅកម្រិតឧត្តមសិក្សា ឬការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។ ឯកឧត្តមបានលើកទឹកចិត្តសិស្សជ័យលាភីទាំងអស់ បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីកសាងអនាគតខ្លួនឯងឱ្យកាន់តែភ្លឺស្វាង និងពង្រឹងសមត្ថភាពខ្លួនឯង ចូលរួមចំណែកអភិវឌ្ឍមាតុភូមិ និងក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនក្មួយៗទាំងអស់ ដែលបានទទួលលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្តេច និងថ្នាក់ដឹកនាំ គ្រប់ថ្នាក់ បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលនាំមកនូវមោទនភាព និងជ័យលាភីគួរជាទីគាប់ចិត្ត មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ក្រៅពីការផ្តល់អនុសាសន៍ និងការលើកទឹកចិត្តជាស្មារតី ឯកឧត្តមរដ្ឋមន្រ្តីបាននាំយករង្វាន់លើកទឹកចិត្ត ជាថវិកានិងសម្ភារៈសិក្សាផ្សេងៗ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់សម័យប្រឡងបាក់ឌុបថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានបេក្ខជនប្រឡងជាប់សរុប ៨៤,៦% និងមានសិស្សទទួលបាននិទ្ទេស A រហូតដល់ ២,០២២ នាក់នៅទូទាំងប្រទេស។ ខេត្តត្បូងឃ្មុំ មានសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦។ ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងប្រកួតប្រជែង យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្នុងខេត្តត្បូងឃ្មុំ សរុប ៦, ១៩២នាក់ ស្រី ៣,៦២៣ នាក់។ ផ្អែកតាមទិន្នន័យផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ១០ សីហា ២០២៦ សម្រាប់ខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយមានបេក្ខជនប្រឡងជាប់ សរុបចំនួន ៥.២៥៨ នាក់ ដែលស្មើនឹង ៨៥.៥១ ភាគរយ នៃបេក្ខជនប្រឡងទាំងអស់ ក្នុងនោះសិស្សទទួលបាន និទ្ទេស A ចំនួន ៦៣នាក់។

 

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
ថ្ងៃ ពុធ, 7 តុលា, 2026 ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍