(អាមេនី)៖ ក្នុងឱកាសចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement)។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖
ទី១ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។
ទី២ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។
និងទី៣ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA) ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ចេញវិធានការច្បាប់តឹងរ៉ឹងលើការកាត់បន្ថយការបំពុលដី អាកាស និងទឹក តាមរយៈស៊េរីនៃយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានមនុស្សចូលរួមជាង១៤លាននាក់លើចំនួនសរុបចំនួន១៧លាននាក់នៅកម្ពុជា រួមជាមួយការជំរុញចលនាសម្អាតបរិស្ថាន ការញែកសំរាម និងទុកដាក់សំរាម សំណល់បា្លស្ទិកឱ្យបានត្រឹមត្រូវ និងការផ្សព្វផ្សាយដល់សហគមន៍ ក្នុងគោលបំណងទប់ស្កាត់ មិនឱ្យមានការបំពុលហូរចូលទៅក្នុងសមុទ្រ និងមហាសមុទ្រ។

សូមបញ្ជាក់ថាយុទ្ធសាស្ត្រ និងឯកសារគតិយុត្តទាំងនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនត្រឹមតែចូលរួមឆ្លើយតបនឹងក្របខណ្ឌការងារសកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបោះជំហានឈានទៅសម្រេចបានលទ្ធផលឆ្លើយតបលើសសូចនាករដែលបានកំណត់ថែមទៀតផង។

កម្ពុជាបានបំពេញលក្ខខណ្ឌយ៉ាងពេញលេញ និងបានក្លាយជារដ្ឋសមាជិកស្ថាបនិកទី៥៦ ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ (ឬហៅថា សន្ធិសញ្ញាលំហសមុទ្រ – High Seas Treaty) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀង BBNJ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងការធានាថាធនធានសមុទ្រ និងជីវៈចម្រុះដ៏សម្បូរបែប នឹងត្រូវគ្រប់គ្រង និងអភិរក្សតាមបែបវិទ្យាសាស្ត្រ និងប្រកបដោយចីរភាពពិតប្រាកដ។

ជាការឆ្លើយតប លោកស្រី Rebeca Hubbard បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដល់ចីរភាពបរិស្ថានសកល។ លោកស្រីបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការត្រៀមចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃកិច្ចព្រមព្រៀងBBNJ នេះលើកទី១ នាខែមករា ឆ្នាំ២០២៧ ខាងមុខនេះនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងបានបញ្ជាក់ថាអង្គការនឹងពិនិត្យលើគម្រោងជំរុញសកម្មភាពនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវៈចម្រុះសមុទ្រ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី