រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសន្និសីទស្តីពីការធ្វើសមាហរណកម្មផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(Nationally Determined Contribution: NDC) ទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ក្រោមប្រធានបទ “ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅសម្រាប់ប្រទេសកម្ពុជា” ដោយមានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលស៊ុយអែត និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញជាតិ និងអន្តរជាតិ សរុបប្រមាណ១៥២នាក់ ក្នុងនោះស្រី្ត៣៨នាក់ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ ម៉ារៀ សាហ្រ្កេន ឯកអគ្គរាជទូតប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសន្និសីទ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគម្រាមកំហែងពិតប្រាកដ ហើយប្រសិនបើយើងមិនគិតគូរទេនោះ ឥទ្ធិពលនិងផលប៉ះពាល់របស់វាមកលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងនឹងកាន់តែធ្ងន់ធ្ងរឡើងៗ។ ឯកឧត្តមបានបន្តថា កន្លងមករាជរដ្ឋាភិបាលបានចាត់វិធានការជាច្រើនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីសមស្របនានា។

ជាចុងក្រោយ ឯកឧត្តមបានគាំទ្រការធ្វើសមាហរណកម្មNDC ទៅក្នុងផែនការអភិវឌ្ឍន៍ទោះបីជាមានឬមិនមានប្រភពហិរញ្ញវត្ថុពីអន្តរជាតិក៏ដោយ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ភាពធន់ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនយើង។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយផ្តោតទៅលើការចែករំលែកព័ត៌មានចំនួន៣ រួមមាន ១) ទំនាក់ទំនងរវាងការប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ច ២) ការចូលរួមរបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ចីរភាព ៣) ឱកាសសម្រាប់សមាហរណកម្មការរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញាទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលស្គាល់ពីតម្រូវចាំបាច់ក្នុងការគោរពគោលការណ៍នានានៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ជាពិសេស គោលការណ៍ទទួលខុសត្រូវរួមគ្នា ប៉ុន្តែក្នុងកម្រិតដោយឡែកពីគ្នា និងទៅតាមសមត្ថភាពរៀងៗខ្លួននិងសិទ្ធរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការឆ្លើយតបនឹង “ការអំពាវនាវឱ្យមានសកម្មភាពទីក្រុងលីម៉ា” ក្នុងឆ្នាំ២០១៤ កម្ពុជាបានដាក់ជូននូវរបាយការណ៍ស្តីពីការចូលរួមចំណែករបស់ខ្លួន(NDC) ទៅកាន់UNFCCC នៅឆ្នាំ២០១៥ ហើយបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តNDC នៅឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពីផែនការសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងផែនការទទួលបានហិរញ្ញវត្ថុ និងតាមដានសម្រាប់កម្ពុជា។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើច្បាប់ការពារបរិស្ថាន
ថ្ងៃ ចន្ទ, 27 កក្កដា, 2026 កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើច្បាប់ការពារបរិស្ថាន