សិក្ខាសាលាបើកដំណើរការរៀបចំឯកសារគម្រោង ស្នើសុំពេញលេញ (PPG)
ថ្ងៃ ព្រហស្បតិ៍, 16 សីហា, 2018នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតីបើកសិក្ខាសាលាបើកដំណើរការរៀបចំឯកសារគម្រោង ស្នើសុំពេញលេញ (PPG) គម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា” នៅភោជនីយដ្ឋានទន្លេបាសាក់ ២។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី ១)ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ភាគីក្នុងដំណើរការប្រឹក្សាយោបល់សម្រាប់ការរៀបចំគម្រោង ២)ចែករំលែកទិន្នន័យនិងព័ត៌មានអំពីគម្រោងគ្រប់គ្រងធនធានធម្មជាតិតាមបែបចម្រុះ និងគម្រោងគាំទ្រ ដោយមូលនិធិបរិស្ថានសកលក្នុងប្រទេសកម្ពុជា ៣)ចែករំលែកនិងពិភាក្សាអំពីសកម្មភាព តួនាទី និងការទទួលខុសត្រូវក្នុងគម្រោង ៤)ពិភាក្សាអំពីរបកគំហើញដំបូងនិងសក្ដានុពលនៃតំបន់ភាគខាងជើង ៥)គិតគូរអំពីនិរន្តរភាព និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់គម្រោង និង ៦) កំណត់ជំហានបន្ទាប់។
សូមជម្រាបផងដែរថា គម្រោងការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា នឹងអនុវត្តនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ការពារទេសភាពអង្គរ និងឧទ្យានជាតិភ្នំគូលែន ដែលនឹងជំរុញការគ្រប់គ្រងតំបន់ទេសភាពតាមបែបចម្រុះសម្រាប់ការអភិរក្សនិងប្រើប្រាស់ដោយចីរភាពនូវធនធានជីវៈចម្រុះនិងសេវាអេកូឡូស៊ី និងបញ្ជ្រាបយេនឌ័រទៅក្នុងរាល់ទិដ្ឋភាពនៃគម្រោងផងដែរ៕