ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងគណៈប្រតិភូបានទស្សនាតំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដីសើមដែលសម្បូណ៌ដោយចំណីសម្រាប់សត្វស្លាប
ថ្ងៃ ព្រហស្បតិ៍, 13 កុម្ភៈ, 2020«សូមបងប្អូនប្រជាសហគមន៍និងប្អូនៗសិស្សានុសិស្សចូលរួមការពារនិងអភិរក្សជីវៈចម្រុះនិងចូលរួមថែរក្សាបរិស្ថាន ការពារតំបន់ការពារទេសភាពអន្លង់ព្រីងដែលជាទីកន្លែងដែលសត្វស្លាបជាជិត ១០០ ប្រភេទបានមករកចំណីឱ្យបានគង់ និងបង្កើតជាទស្សនីយភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនបងប្អូនប្រជាសហគមន៍»។ នេះគឺជាការថ្លែងអំពាវនាវ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានចំពោះមុខអាជ្ញាធរ ប្រជាពលរដ្ឋនិងសិស្សានុ សិស្សកាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពិធីប្រារព្ធទិវាដីសើមពិភពលោកនៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ទិវាដីសើមពិភពលោកនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះក៏មានការចូលរួមពីលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកអង្គការ WWT ក៏បានចូលរួមប្រារព្ធទិវាជីវៈចម្រុះនេះដែររួមនឹងមានការចូលរួមរបស់សិស្សានុសិស្សប្រមាណ ៥០០នាក់។
ទាំងឯកអគ្គរាជទូតអង់គ្លេសនិងអង្គការ WWT បានគាំទ្រលើគោលនយោបាយបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផ្សាភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារនិងចំណូលជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានបានខិតខំការពារ អភិរក្សធនធានធម្មជាតិនិងសត្វព្រៃ និងគិតគូរពីយន្តការនិរន្តរភាពបរិស្ថាន និងពង្រឹងតួនាទីសហគមន៍មូលដ្ឋានក្នុងការចូលរួមការពារនិងអភរក្សជីវៈចម្រុះដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា៖«ចូលរួមលើកស្ទួយទេសចរណ៍ធម្មជាតិនៅមូលដ្ឋាន គឺចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពល្អប្រសើរ»។
នៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងគណៈប្រតិភូបានទស្សនាតំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដីសើមដែលសម្បូណ៌ដោយចំណីសម្រាប់សត្វស្លាប។ សត្វស្លាបនៅតំបន់នោះមានចំនួនប្រមាណ ១០០ ប្រភេទរួមនឹងសត្វក្រៀលដែលជាប្រភេទសត្វស្ថិតក្នុងការផុតពូជលើពិភពលោកផងដែរ។ ជាមួយគ្នានោះដើម្បីថ្លែងអំណរគុណជូនមន្ត្រី អាជ្ញាធរ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់បណ្ណសរសើរសចំពោះការចូលរួមអភិរក្សតំបន់ដីសើម។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «តំបន់ការពារទេសភាពអន្លង់ព្រីងដែលមានទំហំ ២១៧ ហិកតាដែលចាំបាច់យើងត្រូវរួមគ្នាការពារឱ្យបានគង់វង្ស»៕