រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព» ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស រដ្ឋលេខាធិការតំណាងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Christof Weigelmeier ភារធារីស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Matthias Giegerich អគ្គនាយកប្រចាំអាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាប៊ីននៃ GIZ ព្រមទាំងតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្តក្រុងស្រុក អង្គការដៃគូអភិវឌ្ឍ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន និងភាគីពាក់ព័ន្ធប្រមាណ ៣០០នាក់។

ផែនទីបង្ហាញផ្លូវនេះត្រូវបានរៀបចំឡើងដោយផ្អែកលើយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាត្រីវិស័យក្នុងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដែលយុទ្ធនាការដំបូងនៃការចូលមកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងរបស់ឯកឧត្តម គឺយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ! ដែលនេះជាការអនុវត្តបន្តពីការងារអប់រំ ដែលជាស្នាដៃបន្សល់ទុករបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលឯកឧត្តមនៅជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានបន្តមកដល់យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនជាង១១លាននាក់។

រយៈពេល២ឆ្នាំនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រសួងបរិស្ថានបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិដែលជាច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានបំផុសឱ្យមានការបណ្តុះ និងការដាំដើមឈើឡើងវិញ ពីក្នុងចំណោមមន្រ្តីក្រសួងបរិស្ថាន និង ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសសិស្សានុសិស្សឱ្យពួកគេមានមេត្រីភាពជាមួយបរិស្ថាន ដើម្បីអនាគតកម្ពុជាពោរពេញដោយភាពបៃតង។ ហើយជាលទ្ធផលកម្ពុជាទទួលបានកូនឈើប្រមាណជាង៣លានដើម ពីការបណ្តុះរបស់មន្រ្តីបរិស្ថាន ចែកជូនប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្ស យកទៅដាំដោយឥតគិតថ្លៃ។

លើសពីនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដូចជា អាជ្ញាធរមូលដ្ឋាន កងរាជអាវុទ្ធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ យើងទទួលបានសំណុំរឿងនៃបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានរានដីព្រៃ ការបរបាញ់ខុសច្បាប់ ដោយបានដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ជាច្រើនសំណុំរឿង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទប់ស្កាត់ទាន់ពេលវេលាក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់។

ផែនទីបង្ហាញផ្លូវនេះ ត្រូវបានចាត់ទុកជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចចក្រា ដែលជាវិធីសាស្ត្រឆ្ពោះទៅរកការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ ស្របពេលដែលកម្ពុជាត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខ៕