កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើច្បាប់ការពារបរិស្ថាន
ថ្ងៃ ចន្ទ, 27 កក្កដា, 2026នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយ លោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវី (Japan Federation of Shiho-Shoshi Lawyer’s Associations) នៅទីស្តីការក្រសួងបរិស្ថាន។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ជាពិសេសលើវិស័យច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក YOSHINORI OZAWA និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការគាំទ្រវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក YOSHINORI OZAWA បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់បរិស្ថាន។ លោកក៏បានបង្ហាញពីបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការគាំទ្រលើការអភិវឌ្ឍសមត្ថភាពផ្នែកច្បាប់បរិស្ថាន ដើម្បីរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។









ព័ត៌មានបន្ថែម
