កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026(អាមេនី)៖ ក្នុងឱកាសចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement)។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖
ទី១ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។
ទី២ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។
និងទី៣ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA) ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ចេញវិធានការច្បាប់តឹងរ៉ឹងលើការកាត់បន្ថយការបំពុលដី អាកាស និងទឹក តាមរយៈស៊េរីនៃយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានមនុស្សចូលរួមជាង១៤លាននាក់លើចំនួនសរុបចំនួន១៧លាននាក់នៅកម្ពុជា រួមជាមួយការជំរុញចលនាសម្អាតបរិស្ថាន ការញែកសំរាម និងទុកដាក់សំរាម សំណល់បា្លស្ទិកឱ្យបានត្រឹមត្រូវ និងការផ្សព្វផ្សាយដល់សហគមន៍ ក្នុងគោលបំណងទប់ស្កាត់ មិនឱ្យមានការបំពុលហូរចូលទៅក្នុងសមុទ្រ និងមហាសមុទ្រ។
សូមបញ្ជាក់ថាយុទ្ធសាស្ត្រ និងឯកសារគតិយុត្តទាំងនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនត្រឹមតែចូលរួមឆ្លើយតបនឹងក្របខណ្ឌការងារសកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបោះជំហានឈានទៅសម្រេចបានលទ្ធផលឆ្លើយតបលើសសូចនាករដែលបានកំណត់ថែមទៀតផង។
កម្ពុជាបានបំពេញលក្ខខណ្ឌយ៉ាងពេញលេញ និងបានក្លាយជារដ្ឋសមាជិកស្ថាបនិកទី៥៦ ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ (ឬហៅថា សន្ធិសញ្ញាលំហសមុទ្រ – High Seas Treaty) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀង BBNJ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងការធានាថាធនធានសមុទ្រ និងជីវៈចម្រុះដ៏សម្បូរបែប នឹងត្រូវគ្រប់គ្រង និងអភិរក្សតាមបែបវិទ្យាសាស្ត្រ និងប្រកបដោយចីរភាពពិតប្រាកដ។
ជាការឆ្លើយតប លោកស្រី Rebeca Hubbard បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដល់ចីរភាពបរិស្ថានសកល។ លោកស្រីបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការត្រៀមចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃកិច្ចព្រមព្រៀងBBNJ នេះលើកទី១ នាខែមករា ឆ្នាំ២០២៧ ខាងមុខនេះនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងបានបញ្ជាក់ថាអង្គការនឹងពិនិត្យលើគម្រោងជំរុញសកម្មភាពនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវៈចម្រុះសមុទ្រ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕






