ការប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិឆ្នាំ២០១៦
ថ្ងៃ សុក្រ, 18 វិច្ឆិកា, 2016នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំបើកកម្មវិធី ការប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ភាវ សុវុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីសំណាក់អង្គការដៃគូពាក់ព័ន្ធនានា។
យោងតាមប្រសាសន៍ ឯកឧត្តមអគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការប្រកួតគូរគំនូ បរិស្ថាននេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីយកចិត្តទុកដាក់ស្រលាញ់បរិស្ថានក្នុង ចំណោមកុមារតូចៗ តាមរយៈការស្តែងចេញនូវទស្សនៈវិស័យលើការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ដោយប្រើវិធី (3Rs) រូមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែរច្នៃ ការស្រឡាញ់ចូលចិត្តបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែល ជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហការខ្ពស់ក្នុងការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន។
សូមបញ្ជាក់ថា ចំពោះលក្ខ័ណ្ឌនៃការជ្រើសរើសរូបគំនូរជ័យលាភី គឺនឹងសំដៅទៅលើរូបគំនូរបរិស្ថានទាំង ឡាយណាដែលមានលក្ខណៈសម្បត្តិល្អដូចជា ស្នាដៃគូរ សោភ័ណភាពរូបភាព និងខ្លឹមសារនៃគំនូរដែលបង្ហាញពី បញ្ហា និងដំណោះស្រាយនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕