រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ % ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ឯកឧត្តមបានជំរុញឱ្យសហគមន៍អន្តរជាតិត្រូវរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍ត្រូវបង្កើននូវកញ្ចប់ថវិកាច្បាស់វាស់ និងងាយស្រួលទទួលបានសម្រាប់ការដោះស្រាយនិងឆ្លើយតបការប្រែប្រួលអាកាសធាតុតាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)។
សូមបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តលើ សេចក្តីប្រកាសរួមទីក្រុងឌីលីឆ្នាំ ២០២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្ហាញពីជំហររួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) ឆ្ពោះទៅកាន់ COP31 ដោយអំពាវនាវឱ្យបង្កើនសកម្មភាពអាកាសធាតុដើម្បីរក្សាគោលដៅ សីតុណ្ហភាព 1.5°C បង្កើនហិរញ្ញប្បទានអាកាសធាតុ ជំរុញការបន្ស៊ាំ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NDCs និង ផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។










