ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ អង្គារ, 27 តុលា, 2026ទីក្រុងយេរាវ៉ាន់, អាមេនី៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជារួមមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិរក្ស តំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជនមួយចំនួនទៀត ដើម្បី ចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) ដែលប្រព្រឹត្តទៅនៅទីក្រុងយេរាវ៉ាន់ ប្រទេសអាមេនី ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើកិច្ចការពារជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ជាមួយបណ្តារដ្ឋភាគី និងសហគមន៍អន្តរជាតិ ក្រោមប្រធានបទធ្វើសកម្មភាពដើម្បីធម្មជាតិ “Taking Action for Nature”។
នៅក្នុងឱកាសនៃសន្និសីទដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដើម្បីបង្ហាញគោលនយោបាយ យុទ្ធសាស្រ្ត និងសកម្មភាពរបស់កម្ពុជា ដល់បណ្តារដ្ឋភាគី និងសហគមន៍អន្តរជាតិអំពី៖
• កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៖ សកម្មភាពជាយុទ្ធសាស្ត្រ និងជាក់ស្តែងក្នុងកិច្ចការពារ ការអភិរក្ស និងការស្តារធនធានធម្មជាតិ និងជីវៈចម្រុះឡើងវិញ និងការប្រើប្រាស់ប្រកបដោយចីរភាពនៅក្នុងប្រទេស។
• ការរួមចំណែកសកល៖ ការចូលរួមយ៉ាងសកម្មជាមួយបណ្តារដ្ឋភាគី សហគមន៍អន្តរជាតិ ក្នុងចលនា ទប់ស្កាត់នូវការបាត់បង់ ព្រមទាំងស្តារឡើងវិញធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
• យុទ្ធសាស្ត្រជីវៈចម្រុះ NBSAP 2026-2030៖ ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំរបស់ភាគីកម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង–ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework)
ដើម្បីឆ្លើយតបទៅនឹងគោលបំណងចំបងទាំង៣របស់កម្ពុជាដែលមានចែងក្នុងNBSAP។
បន្ថែមលើនេះ ក្នុងកំឡុងពេលចូលរួមមហាសន្និសីទនេះ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងទទួលជួបពិភាក្សាការងារទ្វេភាគី និងពហុភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត តំណាងអង្គការដៃគូអន្តរជាតិមួយចំនួន និងចូលរួមប្រជុំKBF ក្នុងនាមជាសមាជិកក្រុមប្រឹក្សាKBFផងដែរ។ កិច្ចពិភាក្សាទាំងនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកការគាំទ្រ កៀរគរហិរញ្ញវត្ថុ និងបង្ហាញពីចំណងមិត្តភាព ក៏ដូចជាជំហររួមគ្នាតែមួយរបស់កម្ពុជាជាមួយពិភពលោក ក្នុងការឆ្លើយតបនិងដោះស្រាយវិបត្តិបរិស្ថានរួម។
សួមបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ក៏ជាការឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ «ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង–ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework) ដែលជាផែនការសកម្មភាពសកលក្នុងការស្តារ និងការពារធម្មជាតិឱ្យរស់ឡើងវិញ។ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ កម្ពុជារក្សាបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ និងចូលរួម ឆ្លើយតបទៅនឹងវិបត្តិបរិស្ថានសកល។
សូមបញ្ជាក់ថា សន្និសីទ COP17 លើកនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-៣០ ខែតុលា ឆ្នាំ២០២៧ នៅប្រទេសអាមេនី ដោយមានមេដឹកនាំ តំណាងរាជរដ្ឋាភិបាល រដ្ឋាភិបាល ប្រទេសសមាជិកចំនួន ១៩៦ ប្រទេស ព្រមទាំងមានការចូលរួមពី អ្នកជំនាញ អ្នកស្រាវជ្រាវ គ្រឹះស្ថានសិក្សា អប់រំ ដៃគូសហការ អភិរក្ស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបប្រមាណ ១៥,០០០ នាក់ ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តលើផែនការសកម្មភាព ក្នុងការការពារជីវៈចម្រុះសកលឱ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។




![]()
ព័ត៌មានបន្ថែម
